#ខេត្តព្រៃវែង ពលរដ្ឋស្លូតត្រង់រងគ្រោះព្រោះទុកចិត្តមនុស្ស លក់ដីឱ្យគេហើយលួចយកប្លង់ប្ដឹងយកវិញ អាងផ្កាយយោធាជួយកាងការពារជនខិលខូច!

ផ្ទុះកក្រើកផ្អើលពេញសង្គម៖ ល្បិចលេបត្របាក់ដីគេទាំងព្រហើនរបស់ប្ដីប្រពន្ធ បន សុខា និងផ្កាយយោធាអាងអំណាចងងឹតកាងការពារជនខិលខូច ! « កន្ទាវធំបន្លំដេក ក្បាលទំពែកបន្លំកោ ! » មន្ត្រីថ្នាក់កំពូលនៃខេត្ត កុំជឿរបាយការណ៍ភូតភរ បើមិនចុះស៊ើបផ្ទាល់
សំណុំរឿងដ៏សែនអយុត្តិធម៌ និងអមនុស្សធម៌បំផុតនេះ កំពុងតែកើតឡើងនៅលើទឹកដី ភូមិរបស់ផ្ចឹក ឃុំឃ្មេស ស្រុកមេសាង ខេត្តព្រៃវែង។ ទង្វើដ៏លោភលន់ឥតព្រំដែន និងខ្វះគុណធម៌ជាមនុស្សរបស់ប្ដីប្រពន្ធពីរនាក់គឺ បន សុខា និង យី ស្រីនាង (យី ស៊ីនាង) កំពុងតែធ្វើឱ្យរង្គោះរង្គើដល់ប្រព័ន្ធច្បាប់ និងយុត្តិធម៌ក្នុងសង្គមជាតិយ៉ាងខ្លាំង។ បន្ទាប់ពីបានលក់ដីស្រែចំនួន ៤កន្លែង ទៅឱ្យលោក រស់ សំអូន តាំងពីឆ្នាំ២០១៧ ទទួលលុយគ្រប់ចំនួន និងប្រគល់ប្លង់ឱ្យគេកាន់កាប់បង្កបង្កើនផលអស់ជាច្រើនឆ្នាំទៅហើយនោះ បែរជាបច្ចុប្បន្នប្ដីប្រពន្ធទាំងពីរនាក់នេះ លេចចេញនូវសន្តានខូចខិលកម្រិតធ្ងន់ លួចយកប្លង់ចាស់ដែលនៅសល់នឹងខ្លួន មកប្ដឹងរករឿងបំពានលើជនរងគ្រោះវិញ ទាំងដឹងខ្លួនឯងច្បាស់ណាស់ថាខ្លួនជាអ្នកខុស។«ស៊ីបាយបោកឆ្នាំង ក្រពើវង្វេងបឹង លក់ដីស៊ីលុយគេហើយ បែរជាលួចយកប្លង់ចាស់មកប្ដឹងផ្ដើលម្ចាស់លុយវិញ»
ទង្វើរបស់បុគ្គល បន សុខា និងប្រពន្ធ យី ស្រីនាង គឺជាគំរូអាក្រក់បំផុតនៃមនុស្សរមឹលគុណ ក្បត់ទំនុកចិត្តដែលអាជ្ញាធរនិងអ្នកទិញធ្លាប់មានឱ្យ។ នេះមិនមែនគ្រាន់តែជាវិវាទដីធ្លីធម្មតានោះទេ ប៉ុន្តែវាជាអំពើទុច្ចរិតលួចបន្លំ បំពានសិទ្ធិរស់រាន និងការបង្កបង្កើនផលរបស់ពលរដ្ឋស្លូតត្រង់ ដែលគ្មានសមត្ថភាពតតាំងជាមួយខ្សែរយៈអំណាចងងឹត។ មនុស្សប្រភេទនេះ បើនៅតែបណ្ដោតឱ្យដើរខូច ជិះជាន់គេឯងតាមចិត្ត គឺមិនខុសពីការព្រលែងសត្វសាហាវឱ្យមកបំផ្លាញសេចក្ដីសុខសាន្តរបស់សង្គមជាតិទាំងមូលឡើយ។ អ្វីដែលរឹតតែគួរឱ្យស្អប់ខ្ពើម និងខឹងសម្បារបំផុតពីសំណាក់មហាជននោះ គឺវត្តមានរបស់មន្ត្រីយោធាផ្កាយធំម្នាក់ឈ្មោះ ស៊ី វុត្ថា ដែលធ្វើការនៅក្រសួងការពារជាតិ។ បុគ្គលរូបនេះបានចេញមុខមកកាង ការពារ និងអន្តរាគមន៍ឱ្យមនុស្សខូចទាំងទទឹងទិស ដោយមិនចេះខ្មាសអៀន និងមិនពិនិត្យមើលសណ្ដានដ៏ថោកទាបរបស់ប្ដីប្រពន្ធពីរនាក់នេះទាល់តែសោះ។ ប្រហែលជាលាភសក្ការៈ និងផលប្រយោជន៍ដែលប្ដីប្រពន្ធទាំងពីរនាក់នោះផ្តល់ឱ្យ វាមានតម្លៃធំធេងជាងយសស័ក្តិផ្កាយនៅលើស្មា និងកិត្តិយសផ្ទាល់ខ្លួនរបស់គាត់ទៅទៀតហើយ ទើបហ៊ានយកស្ថាប័នជាតិមកធ្វើជាខ្នងបង្អែកការពារជនល្មើស និងជិះជាន់ពលរដ្ឋស្លូតត្រង់ទាំងគ្មានការខ្លាចញញើតច្បាប់រដ្ឋបែបនេះ។ សម័យនេះជាសម័យ « តេជោធិបតី » គ្មានអ្វីលាក់បាំងបានឡើយ មន្ត្រីអសកម្ម មន្ត្រីជ្រែស៊ីដែក មន្ត្រីជើង១០ ឬមន្ត្រីគ្រាប់ល្ពៅសម្លរអត់ជាតិទាំងឡាយ គួរតែភ្ញាក់រលឹកខ្លួន ដកជើងកាងចេញជាបន្ទាន់ មុននឹងត្រូវវះកាត់ចោលទាំងកិត្តិយស និងតំណែង។ សំណួរងឿងឆ្ងល់ ៣ចំណុចធំៗ ដែលមហាជនចង់ដឹងចម្លើយ៖ ខណៈពេលដែលរឿងរ៉ាវនេះកាន់តែក្ដៅគគុក មហាជនចំហៀងប្រទេសកំពុងតែងឿងឆ្ងល់យ៉ាងខ្លាំង និងបានចោទជាសំណួរធ្ងន់ៗចំនួន ៣ ទៅកាន់ប្រព័ន្ធច្បាប់៖ 1. ហេតុអ្វីបានជាជនរងគ្រោះពិតប្រាកដ បែរជាត្រូវរងការចោទប្រកាន់ក្លាយទៅជាជនល្មើសវិញ? តើមានមន្ត្រីពុករលួយណាខ្លះនៅពីក្រោយខ្នង ដែលកំពុងប្រើអំណាចខ្មៅងងឹត ក្រឡាប់ចាក់ស-ខ្មៅ បំភ័ន្តការពិតដើម្បីបំផ្លាញយុត្តិធម៌សង្គម? 2. តើកិច្ចសន្យាទិញលក់ដីស្រែទាំង ៤កន្លែង តាំងពីឆ្នាំ២០១៧ ដែលមានស្នាមមេដៃ និងដឹងឮច្បាស់លាស់ពីអាជ្ញាធរភូមិ-ឃុំ គ្មានតម្លៃស្មើនឹងប្លង់ចាស់ដែលជនខិលខូចលួចលាក់ទុកយកមកប្ដឹងរករឿងនោះទេឬ? តើការអនុវត្តច្បាប់ដីធ្លី និងច្បាប់កិច្ចសន្យានៅថ្នាក់ក្រោម ត្រូវបានគេជាន់ឈ្លីដោយសារអំណាចទឹកលុយអស់ហើយមែនទេ? 3.ហេតុអ្វីបានជាមន្ត្រីយោធាផ្កាយធំ ស៊ី វុត្ថា អាចប្រើប្រាស់ឥទ្ធិពលផ្ទាល់ខ្លួនមកកាងការពារជនខិលខូច បំពានសិទ្ធិបង្កបង្កើនផលរបស់ពលរដ្ឋស្លូតត្រង់បានដោយសេរី គ្មានការកោតក្រែងច្បាប់រដ្ឋបែបនេះ? តើក្រសួងការពារជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយ ទុកឱ្យបុគ្គលរូបនេះយកស្ថាប័នជាតិមកធ្វើជាខ្នងបង្អែកការពារអំពើខុសច្បាប់ដល់ពេលណាទៀត? យោងតាមកិច្ចសម្ភាសន៍ជាក់ស្ដែងជាមួយភាគីពាក់ព័ន្ធ៖ លោក លី អឿន មេភូមិរបស់ផ្ចឹក និងអនុមេភូមិ ថែមទាំងលោក គុយ យ៉ារ៉ាន់ មេឃុំឃ្មេស បានបញ្ជាក់យ៉ាងរលូននិងច្បាស់ៗដូចគ្នាថា៖ ករណីទិញលក់ដី ៤កន្លែងនេះ គឺពិតជាបានកើតឡើងតាំងពីឆ្នាំ២០១៧ យ៉ាងត្រឹមត្រូវពិតប្រាកដមែន ដោយមានឯកសារស្នាមមេដៃច្បាស់លាស់។ លោក រស់ សំអូន បានកាន់កាប់បង្កបង្កើនផលដោយសុខសាន្ត តែប្ដីប្រពន្ធ បន សុខា ពិតជាមានគំនិតខូចខិល បំពានច្បាប់រារាំងមិនឱ្យជនរងគ្រោះចុះធ្វើស្រែ និងថែមទាំងកាន់កាំបិតខ្វៅគំរាមកំហែងគ្រឿងចក្រយ៉ាងព្រៃផ្សៃបំផុត។ លោក ស៊ី វុត្ថា (មន្ត្រីយោធាអន្តរាគមន៍ពីក្រោយខ្នង) បានឆ្លើយបកស្រាយសម្រួលយ៉ាងរលាស់ថា ខ្លួនគ្រាន់តែដឹងឮ និងជួយសម្របសម្រួលតាមការស្នើសុំ តែមិនបានប្រើប្រាស់អំណាចទៅសង្កត់សង្កិនច្បាប់នោះឡើយ។ ទូរស័ព្ទទៅបុគ្គល បន សុខា និងប្រពន្ធ យី ស្រីនាង ដើម្បីសុំការបំភ្លឺជាច្រើនលើកច្រើនសារ គឺមិនអាចទាក់ទងបានទាល់តែសោះ ដោយទូរស័ព្ទចូលហើយមិនព្រមទទួល។ ដើម្បីស្វែងរកយុត្តិធម៌ និងភាពស្អាតស្អំជូនសង្គមជាតិ ជនរងគ្រោះរួមជាមួយមហាជនទូទាំងប្រទេស សូមលំឱនកាយគោរពស្នើសុំយ៉ាងទទូច៖ ១. សូមគោរពស្នើសុំចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាជួយពិនិត្យចាត់វិធានការដោះស្រាយវិវាទដីធ្លីនេះឱ្យមានតម្លាភាព។ ២. សូមគោរពស្នើសុំចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយពិនិត្យមើលប្រព័ន្ធតុលាការថ្នាក់ក្រោម ដើម្បីផ្ដល់យុត្តិធម៌ពិតប្រាកដជូនជនរងគ្រោះ។ ៣. សូមគោរពស្នើសុំចំពោះ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មេត្តាជួយបើកការស៊ើបអង្កេតទៅលើបុគ្គល ស៊ី វុត្ថា និងមន្ត្រីពាក់ព័ន្ធនៅពីក្រោយខ្នង។ ៤. សូមគោរពស្នើសុំចំពោះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជាពិសេសប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់នៃខេត្តព្រៃវែង មេត្តាជួយបើកការស៊ើបអង្កេតកកាយរឿងរ៉ាវអយុត្តិធម៌មួយនេះឡើងវិញជាបន្ទាន់ ដើម្បីផ្ដល់ភាពស្អាតស្អំ និងយុត្តិធម៌ពិតប្រាកដជូនពលរដ្ឋស្លូតត្រង់ ដោយមិនត្រូវផ្អែកតែលើរបាយការណ៍ភូតភរមួយសន្លឹករបស់មន្ត្រីថ្នាក់ក្រោមនោះឡើយ។ជាទីសង្ឃឹមដ៏ខ្ពង់ខ្ពស់បំផុត ជនរងគ្រោះសូមក្រាបបង្គំទូលថ្វាយ និងលំឱនកាយគោរពស្នើសុំយុត្តិធម៌ពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន ដ៏អង់អាចនៃកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ្រ ចាន់មុន្នី ហ៊ុនម៉ាណែត មេត្តាជួយសង្គ្រោះ និងជួយរកយុត្តិធម៌ពិតប្រាកដជូនក្រុមគ្រួសារជនរងគ្រោះ គ្រួសារ របស់លោក រស់ សំអូន នេះផងទាន ព្រោះពួកគេគ្មានទីពឹងណាផ្សេងក្រៅពីម្លប់ដ៏ត្រជាក់របស់សម្តេចទាំងទ្វេឡើយ។ យើងខ្ញុំជាអង្គភាពសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ផ្សព្វផ្សាយក្នុងន័យរិះគន់ដើម្បីស្ថាបនា ពុំមានចេតនាជាន់ពន្លិចបុគ្គលណាម្នាក់ឡើយ ហើយរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធគ្រប់ម៉ោងធ្វើការ ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ « ភាពស្មោះត្រង់ខ្វះក្បួនច្បាប់ ក្លាយជាចំណីជនពាលគ្រងស្បែកខ្លា » ចំណុចខ្សោយដ៏គួរឱ្យខ្លោចចិត្តបំផុតរបស់លោក រស់ សំអូន គឺភាពស្លូតត្រង់ ទុកចិត្តមនុស្ស និងការខ្វះការយល់ដឹងស៊ីជម្រៅពីនីតិវិធីច្បាប់ទម្លាប់។ នៅក្នុងការទិញលក់ដីធ្លីនោះ លោក រស់ សំអូន បានអនុវត្តយ៉ាងត្រឹមត្រូវចំពោះមុខអាជ្ញាធរមូលដ្ឋាន ដោយមានការធ្វើលិខិតទិញលក់ទល់មុខ និងដឹងឮយ៉ាងច្បាស់ការពីលោកមេភូមិ និងលោកមេឃុំ។ ប៉ុន្តែ ចំណុចរបូតដ៏ធំបំផុតនោះ គឺគាត់មិនបានបន្តនីតិវិធីធ្វើ «លិខិតឯកតោភាគីផ្ទេរសិទ្ធិ (លិខិតទេសច្ច)» ឬរុញឯកសារទៅធ្វើប្លង់រឹងជាផ្លូវការនោះឡើយ។ ចន្លោះប្រហោងនៃការមិនបានរៀបចំលិខិតបទដ្ឋានគតិយុត្តិឱ្យបានពេញលេញតាមបច្ចេកទេសច្បាប់នេះហើយ ដែលត្រូវបានប្ដីប្រពន្ធខិលខូច បន សុខា និង យី ស្រីនាង រួមជាមួយក្រុមបក្សពួកបង្អែកផ្កាយយោធាដែលចេះច្បាប់ក្រឡាស់កិច្ចសន្យា យកមកធ្វើជាអាវុធគតិយុត្តិយ៉ាងសាហាវឃោរឃៅ។ ពួកគេបានប្រើប្រាស់ប្រព័ន្ធច្បាប់ និងតុលាការថ្នាក់ក្រោម មកគាបសង្កត់ ក្រឡាប់ចាក់ប្ដឹងបកទៅលើលោក រស់ សំអូន វិញ រហូតធ្វើឱ្យមនុស្សល្អដែលស្មោះត្រង់ជួយសង្គមជាតិជាច្រើន បែរជាត្រូវចាញ់ក្ដី និងរងគ្រោះធ្លាក់ខ្លួនពី «កម្មសិទ្ធិករស្របច្បាប់» ទៅជា «ជនល្មើស» ទាំងអយុត្តិធម៌បំផុត។ សំណួរពីមហាជនពលរដ្ឋ ជាពិសេសគឺជនរងគ្រោះដេញដោលដ៏ក្ដៅគគុកផ្ញើជូនប្រព័ន្ធយុត្តិធម៌៖ សំណួរទី១៖ តើកិច្ចសន្យាទិញលក់ដីធ្លីដែលបានធ្វើទល់មុខ និងមានការដឹងឮចុះហត្ថលេខាពីអាជ្ញាធរដែនដី (មេភូមិ និងមេឃុំ) យ៉ាងច្បាស់ការ តើគ្មានតម្លៃគតិយុត្តិទាល់តែសោះឬ បានជាតុលាការហ៊ានកាត់សេចក្ដីឱ្យម្ចាស់លុយពិតប្រាកដចាញ់ក្ដី ក្រោមដៃក្រុមក្រឡាប់ចាក់លួចប្លង់ចាស់មកប្ដឹងទារដីវិញបែបនេះ? សំណួរទី២៖ តើការខ្វះចន្លោះប្រហោងមិនបានធ្វើ «លិខិតទេសច្ច» ផ្ទេរសិទ្ធិព្រោះតែភាពមិនយល់ដឹងច្បាប់របស់ពលរដ្ឋស្លូតត្រង់ គឺជាឱកាសមាសសម្រាប់ឱ្យក្រុមជនខិលខូច និងមន្ត្រីកាងពីក្រោយខ្នង ប្រើប្រាស់ល្បិចកលគតិយុត្តិមកប្លន់យកដីស្របច្បាប់របស់គេទាំងកណ្ដាលវាលសតវត្សរ៍ទី២១ នេះមែនទេ?

0/Post a Comment/Comments